30 August 2014

រៀនគណិតយ៉ាងណាឱ្យពូកែ(ភាគ1)



ការ​សិក្សា​រៀន​សូត្រ​ គឺជាកាតព្វ​កិច្ច​ដ៏​សំខាន់​សម្រាប់​យើង​​ម្នាក់ៗ​ ដែល​ជាសិស្សានុសិស្ស។ សកម្មភាព​រៀន​សូត្ររបស់​ សិស្ស​ម្នាក់ៗ​គឺ​មាន​លក្ខណៈ​ផ្សេងៗគ្នា អ្នក​ខ្លះ​ពូកែរៀន ហើយ​អ្នក​ខ្លះទៀត​រៀន​ពូកែ​​។ ពូកែរៀន និង រៀន​ពូកែ​ គឺមិន​ដូច​គ្នា​ឡើយ​ ព្រោះថា​អ្នក​ពូកែរៀន មិន​ប្រាកដ​ថា​ រៀន​ពូកែនោះ​ឡើយ។ គេ​តែង​តែចោទសួរថា ធ្វើយ៉ាង​ម៉េច​ទើ​ប​រៀន​ពូកែ ធ្វើយ៉ាង​ម៉េច​ ​ទើប​ក្លាយ​ជា​សិស្ស​ពូកែ?

ចំពោះ​ខ្ញុំ​ផ្ទាល់​ក៏​មិនហ៊ាន​​អះអាង​ថា​ធ្វើយ៉ាង​នេះ ឬយ៉ាង​នោះ​ទើប​ក្លាយជាសិស្សពូកែឡើយ តែ​ខ្ញុំ​​មាន​យុទ្ធ​សាស្រ្ត​ផ្ទាល់ខ្លួនក្នុង​ការ​រៀន​មិនថា​មុខ​វិជ្ជា​ អ្វី​ឡើយ ទាំង ភាសាខ្មែរ(អក្សរសិល្បិ៍) រូបវិទ្យា គីមីវិទ្យា គណិត​វិទ្យា -ល- និង -ល-។

ពេល​នេះ​ខ្ញុំ​សូម​ចូល​រួម​ចែក​រំលែក​នូវ បទពិសោធន៍​ដែល​ធ្វើឲ្យ​ខ្ញុំ​​​ក្លាយ​ជា​សិស្ស​ពូ​កែ​គណិត​វិទ្យា​ដូច​តទៅ៖
-ការរៀបចំកាលវិភាគ​ឲ្យ​​បាន​ត្រឹម​ត្រូវ ច្បាស់លាស់
កាល​វិភាគ គឺជា​ផ្នែក​មួយដ៏សំខាន់ក្នុង​ការ​​រៀប​ចំ ​ការ​រៀន​សូត្រ​របស់សិស្ស​ម្នាក់ៗ ព្រោះថា​ពេល​ដែល​យើង​រៀប​ចំកាល​វិភាគ​ច្បាស់​លាស់ហើយ​ ហើយ​អនុវត្ត​តាម​វា​ឲ្យ​បាន​ត្រឹមត្រូវ (មិន​មែន​អនុវត្ត​បាន​ ពីរ ឬបី​ថ្ងៃហើយ ឈប់នោះឡើយ) នោះ​​ការ​សិក្សារបស់​យើង​នឹង​មាន​ការ​រីក​ចំរើន​មិន​ខាន​។ ចំពោះកាល​វិភាគ​នេះ​យើង​អាច​អនុវត្ត​តាម​កាល​វិភាគសាលា ឬកាលវិភាគ​ផ្ទាល់ខ្លួន​យើង​ក៏បាន។ ចំពោះ​កាល​វិភាគ​ផ្ទាល់ខ្លួនយើង ​ត្រូវ​ចេះ​រៀបចំដោយ​ខ្លួន​​ឯង​ដោយ​ចំណាត់​ក្រុម​មុខ​វិជ្ជាចម្បង (គណិត, រូប, គីមី​, ជីវៈ,..) និង​មុខ​វិជ្ជា​សង្គម( ប្រវត្តិ, ភូមិ, …) ជាដើម។

ឧទាហរណ៍ ៖ ជារៀងរាល់​​យប់ (ក្រោយមក​ពីរៀន​គួរ ឬញ៉ាំបាយរួច)

  • ចាប់ពីម៉ោង 8pm-8:30pm ធ្វើលំហាត់ ជីវៈ​វិទ្យា
  • ម៉ោង 8:30pm-9pm ធ្វើលំហាត់ គីមីវិទ្យា
  • ម៉ោង 9pm-9:30pm ធ្វើលំហាត់ រូបវិទ្យា
  • ម៉ោង 9:30pm-10:30pm (9:30pm-11pm)  ធ្វើលំហាត់​គណិតវិទ្យា(ខ្ញុំ​ផ្តោត​លើគណិតវិទ្យា)

ការធ្វើលំហាត់​នៅពេល​យប់​នេះ គឺវា​មិនសូវ​ឲ្យ​យើង​ងងុយដេក ដូ​ច​មើល​មេរៀន​ឡើយ ។ ចំនែក​មេរៀន​វិញ​យើង​អាច​ឡើង​រៀន​នៅ​ពេល​ព្រលឹម ពីម៉ោង ៥ ឬ ៥កន្លះ​ទៅក៏បាន ព្រោះវេលានេះ​ខួរក្បាល​យើង​ស្ងប់​មិន​ស្មុគ​ស្មាញ ហើយ​រៀន​ឆាប់ចាំផងដែរ។ ម្យ៉ាង​វិញ​ទៀតពេល​ព្រលឹម​នេះ យើង​អាច​យ​កមេរៀន​ដែល​​ត្រូវ​នឹង​កាល​វិភាគ​ពេល​ព្រឹក ឬពេល​រសៀល​របស់យើង​មក​រៀន(រៀន​មុនគ្រូ​បង្រៀន) ដែល​វា​អាច​ឲ្យ​យើង​ចាប់បាន​ឬយល់កាន់តែច្បាស់នៅ​ពេល​ដែល​គ្រូបង្រៀន​នោះ​។

ចំពោះម៉ោង អាស្រ័យ​លើ​យើង​ខ្លួន​ឯងជាអ្នក​កំណត់ (5:30am – 6:30am) តែកុំ​ក្រោក​លឿនពេក (4-4:30am) វាអាចធ្វើឲ្យយើង​ងងុយ​ដេក​នៅ ពេល​ម៉ោង​រៀន។
 (សង្ឃឹមថាអ្នកទាំងអស់គ្នានិងអនុវត្តនៅវិធីសាស្រ្ដខាងលើដើម្បីទទួលបានលទ្ធផល)